មុនទិញដីមើល៣ចំណុចនេះឱ្យច្បាស់ប្រយ័ត្នទិញប៉ះដីខ្មោច

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៣ដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទិញដីនៅកន្លែងណាមួយ ៖

ទី១- រូបរាងសណ្ឋានដី

ប្រភេទដីដែលមានរាងត្រីកោណត្រូវបានគេចាត់ទុកថា ជាដីដែលអាក្រក់បំផុតប្រសិនបើចៀសវាងបានកុំទិញដីប្រភេទនេះ ប៉ុន្តែសម្រាប់ដីដែលមានរាងចតុកោណកែង ឬដីដែលមានរាងការ៉េវិញគឺជាប្រភេទដីដែលល្អបំផុតដែលលោកអ្នកគួរតែទិញ ។ ម៉្យាងទៀតសម្រាប់ដីដែលមានទទឹងខ្លីបណ្តោយវែង និងដីដែលមានទទឹងធំជម្រៅរាក់ក៏ពុំសូវល្អប៉ុន្មានដែរ ។

ទី២- ប្រវត្តិដី

ប្រវត្ថិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីវាលកប់ខ្មោច ឬដីដែលមានឧបទ្ទវហេតុអាក្រក់ធ្វើឱ្យមនុស្សស្លាប់ច្រើនតែងតែជាដីដែលមិនល្អ ។ ដីប្រភេទនេះ (ដីខ្មោច) ហាមសាងសង់ផ្ទះជាដាច់ខាតពីព្រោះតាមក្បូនហុងស៊ុយដីទាំងនោះនឹងនាំផលអាក្រក់ឱ្យអ្នករស់នៅលើដីនោះ ក្រៅពីនេះក៏នៅមានការរំខានពីវិញ្ញាណខ្មោចបិសាចនៅបរិវេណនោះដែលនាំឱ្យការរស់នៅមានតែបញ្ហាកើតឡើងមិនចេះចប់មិនចេះហើយ ។

ទី៣-កម្ពស់ដី

សម្រាប់ដីដែលគេចាត់ទុកថា ល្អគឺដីដែលមានកម្ពស់ខ្ពស់ជាងផ្លូវថ្នល់វាមានលក្ខណៈល្អជាងដីដែលមានកម្ពស់ទាបជាងផ្លូវថ្នល់ ។ មុននឹងសម្រេចចិត្តទិញដីអ្នកត្រូវចងចាំថា ផ្ទៃដីដែលមានលក្ខណៈល្អចាំបាច់ត្រូវមានកម្រិតកម្ពស់ផ្ទៃដីមិនខុសប្លែកខ្លាំងពីផ្ទៃដីផ្លូវថ្​នល់ផ្នែកខាងមុខ ៕