សម័យកូវីដផង ! ទិញដី ឬផ្ទះបើឮអ្នកលក់និយាយ៤ចំណុចនេះច្បាស់ណាស់ «បោកហើយ» !

បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលរីកចម្រើនយ៉ាងខ្លាំងបើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ក្តី ។ ស្របពេលដែលវិស័យមួយនេះកំពុងតែរីកដុះដាលដូចផ្សិតក៏មានក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យជាច្រើនដើរតួជាឈ្មួញកណ្តាលដើម្បីស្វែងរកអតិថិជនដើម្បីលក់គម្រោងអចលនទ្រព្យរបស់ខ្លួន ។  

មុននឹងជឿសម្តីអ្នកដទៃក្នុងនាមយើងជាអ្នកវិនិយោគម្នាក់ត្រូវឈ្វេងយល់ពីវាឱ្យបានច្បាស់ដើម្បីកុំឱ្យមានបញ្ហានៅពេលក្រោយ ។ ជាការប្រុងប្រយ័ត្នអ្នកទិញត្រូវទិញពីគម្រោងអភិវឌ្ឍន៍ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់ ។ ថ្ងៃនេះ realestate.com.kh បង្ហាញ៤ចំណុចដែលត្រូវប្រយ័ត្នមុនសម្រេចចិត្តទិញអចលនទ្រព្យ ៖

ទី១-លក់ប្រញាប់លុយ ឬលក់បន្ទាន់

ពាក្យថា លក់ប្រញាប់លុយ លក់បន្ទាន់ បានធ្វើឱ្យមនុស្សជាច្រើនបានផុងចូលរណ្តៅ នៃការបោកប្រាស់របស់អ្នករកស៊ីក្នុងវិស័យនេះជាច្រើន ។ នៅពេលដែលពួកគេឃើញស្លាកទាំង ពួកគេបានគិតថា គេនឹងអាចចំណេញ ព្រោះអចលនទ្រព្យនោះអាចនឹងថោកជាងទីផ្សារដែលអាចធ្វើឱ្យគេ ចំណេញភ្លាមៗពីអចលនទ្រព្យទាំងនោះ តែការពិតមិនមែនបែបនឹងនោះទេ គឺគេលក់តម្លៃថ្លៃ ឬលើសទីផ្សារផងក៏មាន ។ ដូចនេះ វាទាមទារឱ្យអ្នកឈ្វេងយល់ពីអចលនទ្រព្យទាំងនោះឱ្យបានច្បាស់ជាមុនសិន ចាំសម្រេចចិត្តទិញតាមក្រោយ ក៏វាមិនហួសពេលដែរ។

ទី២-គម្រោងពួកគេលក់ជិតអស់ហើយទាំងមិនទាន់បុគគ្រឹះផង

នេះជាការកុហកដ៏ពេញនិយមបំផុតសម្រាប់ អ្នកលក់គម្រោងបុរី ឬគម្រោងដីឡូតិ៍ជាដើម ដោយកុហកថា គម្រោងនេះនៅសល់តែប៉ុន្មានប្លង់ទៀតអស់ហើយ ឆាប់ទិញឆាប់ចំណេញ ជាដើម ទាំងដែរការពិត មិនទាន់បានលក់ចេញផង លក់បានតែបន្តិចបន្តួចប៉ុណ្ណោះ។

ទី៣-ប្រាប់ថា ដីមានជម្លោះលក់ថោកជាងគេ

ជានិច្ចកាល ដីដែលមានជម្លោះតែង មានតម្លៃថោកជាងដីធ្លី ដែលមិនមានជម្លោះដូចនេះឱ្យតែដឹងថា ដីធ្លី ឬផ្ទះណាមានទំនាស់ តែងតែមានការចាប់អារម្មណ៍ខ្លាំងពី អ្នកវិនិយោគ ដោយពួកគេមិនបានគិតពិចារណាសោះថា តើវាពិតជាមានជម្លោះមែនឬ គ្រាន់តែជាការសម្តែង ប៉ុណ្ណោះទេ។ ដូចនេះ អ្នកត្រូវតែព្យាយាម រករឹសគុលនៃការបញ្ហាសិន បើវាជាការពិតចាំទិញ បើវាគ្រាន់តែជាសំដែង នោះអចលនទ្រព្យនោះនៅតែថ្លៃដដែល ។

ទី៤-ប្រាប់ថា អចលនទ្រព្យនោះមានអ្នកធំទិញ

នៅពេលដែលនិយាយពីអ្នកធំ អ្នកណាក៏ជ្រួលជ្រើម លុះនៅពេលដែល អចលទ្រព្យកន្លែងណាមួយ ដែល មានអ្នកធំទិញ ពួកគេរំពឹងទុកថា នឹងមានការឡើងថ្លៃ ។ ដូចនេះ អ្នកលក់ភាគច្រើន តែងបំប៉ោង ពត៌មាន ទាំងដែលគម្រោង ឬអចលទ្រព្យរបស់ខ្លួន គ្មានអ្នកធំណាម្នាក់មកទិញនោះទេ ៕