វាហាក់បីដូចជាទើបតែប៉ុន្មានខែមុនសោះ ដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣មានការត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរដោយសារស្ថានភាពផ្លូវមានការខូចខាតច្រើន ប៉ុន្តែពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញរូបភាពថ្មីស្រឡាងអំពីវឌ្ឍនភាពចុងក្រោយបង្អស់នៃការសាងសង់ផ្លូវជាតិលេខ៣នេះ ដែលបង្ហាញថាបានសម្រេចស្ទើរតែ១០០%ហើយ។
អមជាមួយនឹងរូបភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូចម្រុះទៅត្រួតពិនិត្យវឌ្ឍនភាពនៃផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអោយឃើញផ្លូវលាតសន្ធឹងយ៉ាងវែងអន្លាយ ដែលចាប់ផ្តើមពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត និងមានប្រវែងសរុប១៣៤,៧៩៦ ម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០% ហើយ។

ខ្សែផ្លូវនេះក៏មានបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និងគ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បាន យូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុង ការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែម ទៀតក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ គម្រោងសាងសង់ស្ពាននៅក្រចេះ និងបណ្ដាគម្រោងសាងសង់មួយចំនួនផ្សេងទៀត ដើម្បីចូលរួមកាត់បន្ថយចំណាយភស្តុភាកម្ម ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា។
គួរបញ្ជាក់ថា ការបញ្ចប់គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ ចំនេញពេលវេលា និងថ្លៃធ្វើដំណើរទៅកាន់តំបន់តាមបណ្តោយផ្លុវនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងលើកកម្ពស់វិស័យទេសចរណ៍ដល់ខេត្តដែលពាក់ព័ន្ធអោយកាន់តែមានភ្ញៀវទេសចរណ៍ច្រើនជាងមុនដែរ៕