មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

មនុស្សជាច្រើនតែងតែប្រាថ្នាចង់មានផ្ទះដែលជារបស់ខ្លួនឯងដើម្បីអាចងាយស្រួលក្នុងការរស់នៅជាលក្ខណៈគ្រួសារព្រោះវាអាចផ្តល់ភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារដោយមិនចាំបាច់មានការទើសទាស់ចិត្តដូចការរស់នៅផ្ទះជួលរបស់អ្នកដទៃ ។

ខណៈដែលបច្ចុប្បន្នមានគម្រោងបុរីជាច្រើនកំពុងសាង់សង់ជាបន្តបន្ទាប់សម្រាប់អ្នកដែលមានជីវភាពមធ្យមមានការកើនឡើងយ៉ាងគំហុកដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្តែង ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ក៏ដោយអ្នកត្រូវសួរខ្លួនឯងនូវ៤សំណួរនេះជាមុនសិនដើម្បីឱ្យច្បាស់ថា ក្រោយពេលទិញរួចអ្នកនឹងមិនជួបបញ្ញាប្រឈមនានាព្រោះតម្លៃផ្ទះថ្លៃដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ៖

ទី១- តើចំណូលប្រចាំខែរបស់អ្នកប៉ុន្មាន?

វាជាចំណុចសំខាន់ជាងគេដែលអ្នកត្រូវតែពិចារណាមុននឹងអ្នកសម្រេចចិត្តទិញផ្ទះពីព្រោះថា ចំណូលរបស់អ្នកនឹងត្រូវយកទៅបែងចែកដើម្បីចាត់ចែងទៅតាមត្រូវការផ្សេងៗ ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានល្អិតល្អន់ថា ត្រូវចំណាយទៅលើអ្វិខ្លះដែលចាំបាច់? ក្រោយចំណាយរួចតើនៅសល់ប៉ុន្មាន? ហើយចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុន្មាន? ប្រសិនបើអ្នកមិនគិតគូរឱ្យបានដិតដល់ទេនោះ អ្នកនឹងជួបបញ្ហាខ្វះមុនខ្វះក្រោយជាពុំខាន ។

ទី២- តើផ្ទះដែលអ្នកទិញអាចបង់ផ្តាច់នៅពេលណា?

ម្ចាស់គម្រោងជាច្រើនបានបង្កើតយុទ្ធសាស្ត្រលក់តាមរយៈវិធីសាស្ត្រសេវាកម្មបង់រំលស់ជាដើមដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថិជន ប៉ុន្តែការបង់រំលស់មើលទៅហាក់មានភាពងាយស្រួលមែន តែអ្នកនឹងត្រូវបង់ប្រាក់ឱ្យទៅក្រុមហ៊ុនជាប្រចាំខែ ។ ដូច្នេះអ្នកត្រូវពិចារណាថា តើក្រោយពេលអ្នកបង់ប្រាក់ជារៀងរាល់ខែរួចអ្នកមានប្រាក់សម្រាប់ទំនុកបំរុងចំណោះតម្រូវការផ្សេងៗដែរឬទេ?

ទី៣-តើតម្លៃផ្ទះដែលអ្នកទិញមានតម្លៃប៉ុន្មាន?

មុននឹងសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសួរខ្លួនឯងជាមុនសិនថា តើវាសមស្របទៅនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នកឬទេ? ហើយវាចាំបាច់ឬទេក្នុងកាលៈទេសៈបច្ចុប្បន្នរបស់អ្នក ។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើនោះគឺតម្លៃរបស់ផ្ទះ តើអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ?

ទី៤-តើអ្នកមានប្រាក់សម្រាប់ទំនុកបំរុងពេលជួបហានិភ័យណាមួយភ្លាមៗឬទេ?

គ្មាននរណាអាចដឹងមុនចំពោះបញ្ហាហានិភ័យនោះទេ ព្រោះវានឹងកើតឡើងដោយមិនមានការព្រៀងទុកជាមុនដូចជា ការកើតជំងឺភ្លាមៗ, ការជួបគ្រោះថ្នាក់ជាយថាហេតុ ឬមានរឿងអាសន្នណាមួយជាដើម ។ ប្រសិនបើអ្នកយកប្រាក់ទាំងអស់របស់អ្នកទៅទិញផ្ទះដោយមិនមានប្រាក់សម្រាប់ទំនុកបំរុងពេលជួបហានិភ័យនោះអ្នកនឹងជួបការលំបាកជាក់ជាមិនខាន ។

ជារួមមក មុននឹងអ្នកសម្រេចចិត្តក្នុងការទិញផ្ទះមិនថា ការទិញដោយបង់ផ្តាច់ ឬបង់រំលស់នោះទេ អ្នកត្រូវតែគិតគូរឱ្យបានល្អិតល្អន់ និងស៊ីជម្រៅបន្តិចទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នករួមជាមួយបញ្ហាដែលអ្នកជួបប្រទះជាដើម ៕